ជំនួយផ្តល់ទីជម្រកអន្តរកាល FEMA មានសម្រាប់អ្នករស់នៅខោនធី Los Angeles

Release Date Release Number
DR-4856-CA NR 002
Release Date:
មករា 15, 2025

LOS ANGELES - FEMA និងរដ្ឋ California កំពុងធ្វើការដើម្បីធានាថាជនរងគ្រោះពីភ្លើងឆេះព្រៃ Los Angeles មានសិទ្ធិទទួលបានជម្រកបណ្តោះអាសន្នដ៏មានសុវត្ថិភាព។ ការសងថ្លៃសណ្ឋាគារដែលចំណាយចេញពីហោប៉ៅផ្ទាល់ខ្លួន ជំនួយហិរញ្ញវត្ថុចំពោះការជួល និងការជួសជុលផ្ទះ និងការស្នាក់នៅសណ្ឋាគារ ឬផ្ទះសំណាក់បណ្តោះអាសន្នដែលផ្តល់ដោយ FEMA បច្ចុប្បន្នកំពុងត្រូវបានផ្តល់ជូនដល់គ្រួសារដែលមានសិទ្ធិទទួលបាន។ 

អ្នកជួល និងម្ចាស់ផ្ទះដែលបានដាក់ពាក្យសុំជំនួយគ្រោះមហន្តរាយរួចហើយអាចមានសិទ្ធិស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ដែលបង់ប្រាក់ដោយ FEMA ជាបណ្តោះអាសន្នតាមរយៈកម្មវិធី ជំនួយផ្ដល់ទីជម្រកអន្តរកាល (TSA)។កម្មវិធីនេះត្រូវបានផ្តល់ជូនដើម្បីអនុញ្ញាតឱ្យអ្នករស់នៅក្នុងខោនធីដែលត្រូវផ្លាស់ទីលំនៅអាចរៀបចំផែនការលំនៅដ្ឋានបណ្តោះអាសន្នរបស់ពួកគេ។

អ្នករស់នៅក្នុងខោនធី ដែលរងផលប៉ះពាល់មិនចាំបាច់ស្នើសុំជំនួយនេះទេ។ FEMA នឹងជូនដំណឹងដល់ពួកគេអំពីសិទ្ធិរបស់ពួកគេតាមរយៈការហៅទូរសព្ទដោយស្វ័យប្រវត្តិ សារជាអក្សរ និង/ឬអ៊ីមែលអាស្រ័យលើវិធីសាស្រ្តទំនាក់ទំនងដែលគេបានជ្រើសរើសនៅពេលដាក់ពាក្យសុំជំនួយសម្រាប់គ្រោះមហន្តរាយ។

TSA គឺជាកម្មវិធីបណ្តោះអាសន្នដែលមានគោលបំណងផ្តល់កន្លែងស្នាក់នៅរយៈពេលខ្លីសម្រាប់ជនរងគ្រោះពីគ្រោះមហន្តរាយដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមិនអាចចូលទៅកាន់លំនៅឋានចម្បងរបស់ពួកគេ ឬមិនអាចចូលបានដោយសារគ្រោះមហន្តរាយ ហើយមិនមានការធានារ៉ាប់រង សម្រាប់ការចំណាយលើការរស់នៅបន្ថែម ឬការបាត់បង់មិនអាចប្រើប្រាស់បាន។ បេក្ខជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ចុះហត្ថលេខាលើឯកសារលក្ខខណ្ឌបញ្ជាក់កាលបរិច្ឆេទបញ្ចប់សិទ្ធិរបស់ពួកគេនៅពេលពួកគេចុះឈ្មោះចូលស្នាក់នៅក្នុងសណ្ឋាគារដែលចូលរួមក្នុងកម្មវិធី។

FEMA បង់ថ្លៃបន្ទប់ ពន្ធ និងថ្លៃសត្វចិញ្ចឹមដែលមិនអាចដកមកវិញបានដោយផ្ទាល់ក្រោមកម្មវិធី TSA ទៅកាន់សណ្ឋាគារ និងផ្ទះសំណាក់ដែលចូលរួម។ ជនរងគ្រោះទទួលខុសត្រូវចំពោះការចំណាយផ្សេងទៀតទាំងអស់ រួមទាំងការបោកគក់ ភោជនីយដ្ឋាន/សេវាកម្មក្នុងបន្ទប់ ចំណតរថយន្ត ទូរសព្ទ ឬការជួលភាពយន្ត។

សិទ្ធិទទួលបានបន្តនឹងត្រូវបានកំណត់ដោយផ្អែកលើករណីនីមួយៗ។ នៅពេលដែលសិទ្ធិទទួលបាននេះបញ្ចប់ ជនរងគ្រោះនឹងទទួលបានការជូនដំណឹងពី FEMA ប្រាំពីរថ្ងៃមុនកាលបរិច្ឆេទដែលត្រូវចុះឈ្មោះចេញ។ TSA ដាក់កម្រិតត្រឹមសណ្ឋាគារ និងផ្ទះសំណាក់ដែលចូលរួមប៉ុណ្ណោះ។ អ្នកដាក់ពាក្យត្រូវមើលកម្មវិធី TSA Locator ដើម្បីស្វែងរកសណ្ឋាគារមួយ ដែលពួកគេនឹងអាចមើលឃើញនៅពេលដែលពួកគេទៅកាន់គេហទំព័រ DisasterAssistance.gov

ការស្នាក់នៅសណ្ឋាគារ និងផ្ទះសំណាក់ក្នុងគ្រាអាសន្ននេះគ្រាន់តែជាវិធីមួយក្នុងចំណោមវិធីជាច្រើនដែល FEMA កំពុងជួយជនរងគ្រោះពីភ្លើងឆេះព្រៃដែលមានតម្រូវការលំនៅឋាន។ FEMA កំពុងផ្តល់ជូនជំនួយលំនៅឋានក្នុងទម្រង់ផ្សេងទៀត ដូចជាជំនួយក្នុងការផ្លាស់ទីលំនៅ ជំនួយដល់ថ្លៃជួល និង/ឬការសងថ្លៃស្នាក់នៅវិញ៖

  • ជំនួយក្នុងការផ្លាស់ទីលំនៅឋានជួយជនរងគ្រោះដែលមិនអាចត្រឡប់ទៅផ្ទះវិញបានបន្ទាប់ពីគ្រោះមហន្តរាយតាមរយៈការផ្តល់ឱ្យពួកគេនូវប្រាក់ជាមុនដើម្បីជួយដល់តម្រូវការលំនៅឋានភ្លាមៗ។ វាគឺជាប្រាក់ដែលអ្នកអាចប្រើដើម្បីស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់ ស្នាក់នៅជាមួយគ្រួសារ និងមិត្តភក្តិ ឬសម្រាប់ជម្រើសលំនៅឋានផ្សេងទៀតដែលមាន។
  • ជំនួយដល់ថ្លៃជួលបង់ប្រាក់ទូទាត់លំនៅឋានបណ្តោះអាសន្នជាជម្រើសជំនួស ប្រសិនបើម្ចាស់ផ្ទះ ឬអ្នកជួលត្រូវផ្លាស់ទីលំនៅពីលំនៅឋានចម្បងរបស់ពួកគេ ដោយសារការខូចខាតដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅក្នុងខោនធី Los Angeles។ ជំនួយនេះអាចរួមបញ្ចូលទាំងការជួលផ្ទះល្វែង ផ្ទះ ឬការស្នាក់នៅសណ្ឋាគារ ផ្ទំសំណាក់ ឬ Airbnb។
  • ការផ្តល់ប្រាក់សំណងសម្រាប់ថ្លៃចំណាយលើកន្លែងស្នាក់ (LER) បង់ថ្លៃស្នាក់នៅចេញពីហោប៉ៅផ្ទាល់ខ្លួន ដែលមិនត្រូវបានគ្របដណ្តប់ដោយអត្ថប្រយោជន៍នៃការធានារ៉ាប់រងដូចជាការចំណាយដល់ការរស់នៅបន្ថែម ឬការបាត់បង់មិនអាចប្រើប្រាស់បាន។ លំនៅឋានចម្បងមុនកើតគ្រោះមហន្តរាយរបស់អ្នករស់នៅក្នុងខោនធី ត្រូវតែមិនអាចរស់នៅបានទៀត មិនអាចចូលបាន ឬរងផលប៉ះពាល់ដោយសារការដាច់សេវាប្រើប្រាស់ខាងក្នុង ដែលបណ្តាលមកពីគ្រោះមហន្តរាយ។ ការចំណាយដែលមានសិទ្ធិអាចរាប់បញ្ចូលទាំងថ្លៃបន្ទប់ និងពន្ធដែលគិតថ្លៃដោយសណ្ឋាគារ ឬអ្នកផ្តល់កន្លែងស្នាក់នៅផ្សេងទៀត។ នេះមិនរាប់បញ្ចូលថ្លៃអាហារ ថ្លៃទូរសព្ទ ថ្លៃដឹកជញ្ជូន ឬថ្លៃចំណាយផ្សេងៗផ្សេងទៀតទេ។ LER ដាក់កម្រិតត្រឹមការសងប្រាក់វិញ ហើយមិនផ្តល់ប្រាក់ទុកជាមុន ឬផ្តល់ជាទម្រង់ទូទាត់ដោយផ្ទាល់ទៅកាន់សណ្ឋាគារ ឬផ្ទះសំណាក់នោះទេ។ ការចំណាយក៏ត្រូវតែកើតមានឡើងនៅថ្ងៃទី ឬក្រោយថ្ងៃទី 7 ខែមករា ឆ្នាំ 2025។ អ្នករស់នៅក្នុងខោនធីអាចអាប់ឡូតបង្កាន់ដៃរបស់ពួកគេទៅក្នុងគណនីរបស់ពួកគេនៅ DisasterAssistance.gov

ដើម្បីដាក់ពាក្យសុំជំនួយពី FEMA ម្ចាស់ផ្ទះ និងអ្នកជួលអាច៖ 

  • ចូលទៅកាន់អ៊ីនធឺណិត DisasterAssistance.gov និងជាភាសាអេស្ប៉ាញនៅ      DisasterAssistance.gov/es
  • ទូរសព្ទទៅបណ្ដាញជំនួយរបស់ FEMA តាមលេខ 1-800-621-3362 សម្រាប់ជំនួយជាភាសាជាច្រើន។
  • ទាញយកកម្មវិធី  FEMA App សម្រាប់ឧបករណ៍ចល័ត។
  • ចូលទៅកាន់មជ្ឈមណ្ឌលសង្គ្រោះគ្រាអាសន្នរបស់ FEMA។ ដើម្បីស្វែងរកមជ្ឈមណ្ឌលមួយនៅក្នុងតំបន់របស់អ្នក សូមចុចទីនេះ ឬផ្ញើសារអក្សរ DRC រួមជាមួយនឹងលេខកូដប្រៃសណីយ៍របស់អ្នកទៅលេខ 43362 (ឧទាហរណ៍៖ "DRC 91001")

ប្រសិនបើអ្នកប្រើសេវាកម្មបញ្ជូនត ប្រព័ន្ធទូរសព្ទដែលមានចំណងជើង ឬសេវាកម្មផ្សេងទៀត សូមផ្តល់ឱ្យ FEMA នូវលេខរបស់អ្នកសម្រាប់សេវាកម្មនោះ។ ដើម្បីមើលវីដេអូដែលអាចចូលប្រើបានដោយជនពិការ អំពីរបៀបដាក់ពាក្យ សូមចូលទៅកាន់វីដេ YouTube ដែលមានឈ្មោះថា Three Ways to Apply for FEMA Disaster Assistance (វិធីបីយ៉ាងដើម្បីដាក់ពាក្យសុំជំនួយគ្រាអាសន្នរបស់ FEMA) 

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីការស្ដារឡើងវិញរបស់រដ្ឋ California សូមចូលទៅកាន់គេហទំព័រ fema.gov/disaster/4856

រដ្ឋ California ប្តេជ្ញាចិត្តគាំទ្រអ្នករស់នៅក្នុងខោនធី ដែលរងផលប៉ះពាល់ដោយព្យុះភ្លើងឆេះព្រៃនៅ Los Angeles នៅពេលដែលពួកគេឆ្លងកាត់ដំណើរការនៃការសង្គ្រោះ។ ធនធានសម្រាប់ជាជំនួយហិរញ្ញវត្ថុ លំនៅឋាន មូលនិធិសម្រាប់ការជួសជុល និងច្រើនទៀតអាចរកបានដើម្បីជួយបុគ្គល និងក្រុមគ្រួសារ។ ចូលមើលនៅ CA.gov/LAFires សម្រាប់ព័ត៌មានថ្មីៗអំពីកម្មវិធីសង្គ្រោះសម្រាប់គ្រោះមហន្តរាយ កាលបរិច្ឆេទកំណត់សំខាន់ៗ និងរបៀបដាក់ពាក្យសុំជំនួយ។

តាមដាន FEMA តំបន់លេខ 9 @FEMARegion9 នៅលើ X ឬ តាមដាន FEMA នៅលើបណ្ដាញផ្សព្វផ្សាយសង្គមនៅ៖ប្លក់ FEMA នៅគេហទំព័រ fema.gov, @FEMA ឬ @FEMAEspanol នៅលើ X, FEMAឬ FEMA Espanol នៅលើ Facebook, @FEMA នៅលើ Instagram និងតាមរយៈ បណ្ដាញ YouTube របស់ FEMA

Tags:
បាន​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ